(ក្រុងរីយ៉ូ)៖ ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស-នារី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ Rio 2016 នៅប្រទេសប្រេស៊ីល ចាប់ផ្តើមប្រកួតមុនគេ គឺនៅថ្ងៃទី០៣ ខែសីហា មុនកម្មវិធីបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៥ សីហានោះ។
យោងតាមគេហទំព័រផ្លូវការរបស់ Rio 2016 បានឲ្យដឹងថា កីឡាបាល់ទាត់ ជាប្រភេទកីឡា១ប្រភេទ ក្នុងចំណោម ២៨កីឡា ដែលដាក់ឲ្យប្រកួតក្នុង Rio 2016 លើកទី៣១នេះនៅក្នុងទឹកដីនៃប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីន ផ្នែក វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស លេងត្រឹមអាយុក្រោម២៣ឆ្នាំ និងវិញ្ញាសាផ្នែកនារី លេងឈុតធំ ជម្រើសជាតិតែម្តង។
សម្រាប់វិញ្ញាសាផ្នែកបុរស ដែលប្រកួតត្រឹមអាយុក្រោម ២៣ឆ្នាំនោះមាន ១៦ក្រុម ចែកចេញជា៤ពូល ដោយក្នុង១ពូល មាន៤ក្រុមក្នុងនោះរួមមាន ពូល A៖ អ៊ីរ៉ាក់ ដាយណឺម៉ាក អាហ្វ្រិកខាងត្បូង និង U-23 របស់ម្ចាស់ផ្ទះប្រេស៊ីល។ ពូល B៖ ស៊ុយអែត កូឡុំប៊ី នីហ្សេរីយ៉ា និងជប៉ុន។ ពូល C៖ ម៉ិចស៊ិក ហ្វីជី អាល្លឺម៉ង់ និងកូរ៉េខាងត្បូង និងពូល D៖ ហុងឌុយរ៉ាស់ អាល់ហ្សេរី ព័រទុយហ្គាល់ និងអាហ្សង់ទីន ដោយចាប់ផ្តើមប្រកួតសន្សំពិន្ទុនៅរាត្រីថ្ងៃទី០៤ ខែសីហាតទៅហើយ។
ទន្ទឹមគ្នានោះដែរ សម្រាប់កីឡាបាល់ទាត់ វិញ្ញាស្រ្តីវិញ មាន ១២ក្រុម ចែកចេញជា៣ពូល ដោយក្នុង១ពូល មាន៤ក្រុម ចាប់ផ្តើមប្រកួតជម្រុះសន្សំពិន្ទុមុនគេ ថ្ងៃទី០៣ ខែសីហា ផ្តើមចេញពីពូល E៖ ស៊ុយអែត អាហ្វ្រិកខាងត្បូង ចិន និងម្ចាស់ផ្ទះប្រេស៊ីល។ ពូល F៖ កាណាដា អូស្រ្តាលី ហ្ស៊ីមបាវ៉េ និងអាល្លឺម៉ង់ និងពូល G៖ អាមេរិក ញូវហ្សេឡេន បារាំង និង កូឡុំប៊ី៕
សូមជម្រាបថា កម្ពុជា ក៏មាន៤ប្រភេទកីឡា ស្មើនឹង៦អត្តពលិក សម្រាប់ចូលរួមប្រកួតប្រជែងដណ្តើមមេដាយនឹងគេ ដែរមាន កីឡាតេក្វាន់ដូ ហែលទឹក ចំបាប់ និងកីឡាអត្តពលកម្ម (រត់ប្រណាំង) ដែលបានចេញដំណើរកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូ ឡាំពិកកម្ពុជា (NOCC)៕
Post a Comment