(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ ក្រោយពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺរហូតក្លាយជាកម្មករសំណង និងអូរទេះនៅច្រកទ្វាព្រំដែន ប៉ោយប៉ែតពីសំណាក់អតីតតារាសម្តែង និងកីឡាករធ្លាប់មានឈ្មោះល្បី លោក ជៀស ស្រួច ហើយត្រូវបានភរិយា គឺតារាសម្តែងនាង សាត រស្មី លែងលះក្រោយរៀបការបានរយៈពេលប្រមាណ២ខែកាលពី១២ឆ្នាំមុននោះមក ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា កាលពីម្សិលមិញ បាននាំយកថិកាចំនួន២៨០ដុល្លារនិង២១ម៉ឺនរៀល ឧបត្ថម្ភជួយដល់អតីតកីឡាករ ជៀស ស្រួច ដែលបច្ចុប្បន្នកំពុងស្នាក់នៅ ជាមួយលោក អេ ភូថង។
តាមរយៈឃ្លីបវីដេអូដែលត្រូវបានអ្នកនាង យុគ ចិន្តា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបាននិយាយថា «ថ្ងៃនេះនាងខ្ញុំបាននាំយកថវិកាដែលបានមកពីសប្បុរជនទាំងអស់ មកឧបត្ថម្ភជួយដល់អតីតកីឡាករ លោក ជៀស ស្រួច ដែលបានបាត់មុខពីវិស័យកីឡារ និងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយនោះបន្ទាប់ពីរៀបការប្រពន្ធ ហើយក៏ត្រូវបែកបាក់គ្នាទៅវិញ»។
ពិធីការិនីសម្តីផ្អែមអ្នកនាង យុគ ចិន្តា បានបន្តថា ក្រោយពីទទួលបានដំណឹង តាមរយៈបណ្តាញសារព័ត៌មាន ចុះផ្សាយអំពីជីវិតកំសត់ របស់លោក ជៀស ស្រួច រហូតធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ និងអូរទេះនៅច្រកព្រំដែនកម្ពុជា-ថៃនោះ នាងក៏កើតក្តីអាណិតអាសូរ បានអំពាវនាវស្វែងរកថវិកា បានចំនួន២៨០ដុល្លារនិង២១ម៉ឺន ពីសប្បុរសជននឹងថវិកាផ្ទាល់ខ្លួន របស់នាងខ្លះយកមកជួយដល់កីឡាករ លោក ជៀស ស្រួច ដើម្បីជួយសម្រួលការលំបាក។
ខណៈដែលលោក ជៀស ស្រួច បានទទួលអំណោយជាថវិកា ពីអ្នកនាង យុគ ចិន្តា កាលពីថ្ងៃទី២៦ កក្កដា នេះដែរលោកក៏បានលើកម្រាមដៃ១០សំពះថ្លែងអំណរគុណដល់សប្បុរសជនម្ចាស់ថវិកា ព្រមទាំងអ្នកនាង យុគ្គ ចិន្តា ដែលបានយកចិត្តទុកដាក់អាណិត ដល់លោកគ្រាដែលធ្លាក់ខ្លួនក្របែបនេះ។ ដើម្បីបានដឹងកាន់តែច្បាស់ជាងនេះសូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
Post a Comment