(ភ្នំពេញ)៖ ខណៈដែលការប្រឡងក្នុងកម្មវិធី កំពូលតារាអាជីពដ៏ល្បី «I am a vocalist Cambodia» ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ហង្សមាស សប្តាហ៍ទី២ កាន់តែកៀកចូលមកដល់ តារាចម្រៀងរូបស្រស់សម្តីផ្អែម កញ្ញា សួស វីហ្សា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញពីអារម្មណ៍ភ័យផង និងអរផង ហើយក៏បានស្នើឲ្យមហាជន បោះឆ្នោតគាំទ្រនាងផងដែរ។
តារាចម្រៀងស្រី កញ្ញា សួស វីហ្សា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបបែបនេះថា «ថ្ងៃស្អែកដល់ពេលឡើងជ្រុញហើយ បងប្អូនទាំងអស់គ្នាតើបងប្អូន មានជួយបោះឆ្នោតឲ្យខ្ញុំខ្លះអត់? លេខរៀងខ្ញុំ លេខ៥ ផ្ញើទៅ២០១៦ ជាកាស្រេច ។ មិនដឹងថាយប់ស្អែកនេះ អ្នកណាត្រូវចាកចេញមុនគេទេ (I am a vocalist Cambodia)»។
កញ្ញា សួស វីហ្សា ក៏បានបន្ថែមថា «ពុកម៉ែបងប្អូនអាចចូលរួមទស្សនា ដោយសេរីនៅស្ទូឌីយ៉ូហង្សមាស HDTV ក្នុងផ្សារទំនើប Eon Mall ជាន់ទី៤ ដោយមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។ មានតែពុកម៉ែបងប្អូនទេ ដែលជាអ្នកដាក់ពិន្ទុលើសម្លេង នឹងជាអ្នកសម្រេចជោគវាសនា របស់ពួកខ្ញុំ។ បើស្រឡាញ់ចូលចិត្តសម្លេងរបស់ខ្ញុំ សូមចូលរួមបោះឆ្នោតគាំទ្រដល់នាងខ្ញុំផង ព្រោះវាសនារបស់ខ្ញុំ ស្ថិតក្នុងការបោះឆ្នោតរបស់បងប្អូនហើយ!»។
បន្ទាប់ពីឃើញការបង្ហោះ របស់តារាចម្រៀងស្រី កញ្ញា សួស វីហ្សា ដោយទទូចស្នើឲ្យមានការផ្ញើសារចូលរួមបោះឆ្នោតឲ្យនាង យ៉ាងដូច្នេះ គេសង្កេតឃើញមានអ្នកគាំទ្រនាងជាច្រើន បានផ្ញើសារឆ្លើយតបវិញថា ពួកគេនឹងចូលរួមបោះឆ្នោតគាំទ្រ វីហ្សា ដើម្បីបានបន្តនៅក្នុងកម្មវិធីនេះ។
សូមបញ្ជាក់ថា កម្មវិធីប្រឡងកំពូលតារាអាជីពដ៏ល្បី «I am a vocalist Cambodia» ដែលទិញសិទ្ធិផ្តាច់មុខ ដោយក្រុមហ៊ុនហង្សមាស HDTV គឺជាកម្មវិធីប្រឡងចម្រៀងល្បីលេខ១ នៅប្រទេសកូរ៉េ និងចិន ដែលបច្ចុប្បន្នបានបង្ហាញវត្តមាន នៅលើទឹកដីប្រទេសកម្ពុជាហើយ។ ចំពោះកម្មវិធីប្រឡងកំពូល តារាអាជីពដ៏ល្បី «I am an artist Cambodia» លំដាប់ពិភពលោកនេះ ក៏មានបេក្ខភាព តារាចម្រៀងល្បីៗជាច្រើន របស់ផលិតកម្មហង្សមាស ចូលរួមប្រឡងប្រជែងផងដែរ ដោយលទ្ធផលអ្នកឈ្នះ ជ័យលាភី ក្នុងកម្មវិធីនឹងទទួលបានថវិកាចំនួន១០០លានរៀល៕
Post a Comment