(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារទទួលក្រុមភ្ញៀវសិង្ហបុរី ក្នុងជំនួបមិត្តភាពលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចស្អែកនេះ ដើម្បីដកស្រង់បទពិសោធន៍ត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016។ ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើមលោក Lee Tae Hoon គ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជា បានសម្ដែងពីទុក្ខលំបាករបស់ខ្លួន នៅក្នុងការប្រមូលផ្ដុំកីឡាករ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ។
គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្ដភាពកម្ពុជា-សិង្ហបុរី កាលពីព្រឹកមិញថា សិង្ហបុរី គឺជាក្រុមខ្លាំងមួយក្នុងតំបន់ ហើយមានការរៀបចំក្រុមបានល្អ។ ប៉ុន្ដែកូនក្រុមរបស់លោកវិញ គឺរៀបចំក្រុមមិនបានល្អនោះទេ ពិសេសគឺកីឡាករសំខាន់ៗ មួយចំនួនមានបញ្ហារបួសដូចជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ជាដើម ដែលពួកគេទំនងមិនបានលេងថ្ងៃស្អែកឡើយ។
លោក Lee Tae Hoon បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតកម្ពុជា មិនមែនជាក្រុមខ្លាំងទេ ប៉ុន្ដែក្រុមរបស់គេ គឺជាក្រុមខ្លាំងជាងយើង ហើយគេធ្វើបានល្អណាស់នៅក្នុងជម្រុះ World Cup មួយរយៈពេលចុងក្រោយនេះ។ ប៉ុន្ដែការប្រកួតស្អែកនេះ គឺជាការប្រកួតមួយ ដើម្បីទទួលបានបទពិសោធន៍ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលាខាងមុខ»។
«ក្រុមរបស់យើងពេលនេះ នៅមិនទាន់រៀបចំក្រុមបានល្អនោះទេ ដោយកីឡាករសំខាន់ៗដូចជា ប្រាក់ មុន្នីឧត្តម និង វឌ្ឍនាកា មានរបួស។ ដោយឡែកខ្សែការពារកណ្ដាល ណុប តុលា ក៏មានរបួសមិនត្រូវបានកោះហៅទៀត។ ដោយឡែកកីឡាករថ្មីៗនេះ ពួកគាត់មិនសូវប្រមូលអារម្មណ៍បានល្អទេ ដែលនេះគឺជាការលំបាក ដែលយើងចង់ឲ្យពួកគេល្អឡើងវិញ ប៉ុន្ដែយើងនឹងព្យាយាមធ្វើឲ្យបានល្អ សម្រាប់ការប្រកួតថ្ងៃស្អែក»។
នេះគឺជាការរៀបរាប់របស់លោក Lee ដែលនិយាយពីឧបសគ្គ សម្រាប់ការប្រមូលផ្ដុំជម្រើសជាតិលើកនេះ៕
Post a Comment