(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៦ ខែកក្កដាម្សិលមិញ ក្រុមអត្តពលិកកម្ពុជាត្រៀមចូលរួមប្រកួតកីឡា Olympic Games នៅទីក្រុង Rio ប្រទេសប្រេស៊ីលចំនួន ៦នាក់ បានបង្ហាញវត្តមាននៅផ្សារទំនើប Eon ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះមុខអ្នកគាំទ្រជាច្រើន ដើម្បីស្វែងរកជយលាភីជូនជាតិពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះ។
សូមរំឮកថា បេក្ខភាពត្រៀមចេញទៅប្រកួត Olympic Games លើកទី៣១ នៅយប់ថ្ងៃទី២៨ ខែកក្កដាស្អែកនេះ រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទិនី។ កីឡាអត្តពលកម្ម ២រូប មានកីឡាករ នីកូ និងកីឡាការិនី លី ណារី។ កីឡាចំបាប់ម្នាក់ គឺកីឡាការិនី ចូវ សុធារ៉ា ប៉ុន្ដែអ្វីដែលពិសេស គឺកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាបេក្ខភាពកម្ពុជាម្នាក់គត់ទទួលបានសិទ្ធិពេញលេញ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍៤ឆ្នាំម្តងនេះ។
សម្រាប់ការបង្ហាញខ្លួននៅផ្សារទំនើប Eon នោះកីឡាករ-កីឡាការិនីម្នាក់ៗ សុទ្ធតែបង្ហាញពីការតាំងចិត្តស្រដៀងៗគ្នាថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិកលើកនេះ ពួកគេនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អ ជូនប្រទេសជាតិកម្ពុជា និងអ្នកគាំទ្រផងដែរ។ កញ្ញា ស៊ន សៀវម៉ី បានលើកឡើងថា «ខ្ញុំនៅមិនទាន់រំពឹងទទួលបានលទ្ធផលកម្រិតណានោះទេ ព្រោះនេះជាការប្រកួតកម្រិតពិភពលោក ប៉ុន្ដែខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅចុងក្រោយរបស់ខ្ញុំ និងនាំកិត្តិយសជូនប្រទេសកម្ពុជាផងដែរ» ។
ជាមួយនឹងការបង្ហាញខ្លួនជាសាធារណៈ និងជាលើកចុងក្រោយមុនចេញដំណើរទៅប្រទេសប្រេស៊ីលនេះ ក្រុមកីឡាករ-កីឡាការិនីទាំង ៦រូប ក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនឯកជនបន្ថែមទៀតផងដែរ ក្នុងនោះក្រុមហ៊ុន Phiten Cambodia បានឧបត្ថម្ភកីឡាករ-កីឡាការិនីម្នាក់ៗ ចំនួន ១,០០០ដុល្លារ និងក្រុមហ៊ុន Visal Drank ឧបត្ថម្ភកីឡាករ-កីឡាការិនីទាំង ៦នាក់ក្នុងម្នាក់ៗ ទទួលបាន ៤០០ដុល្លារបន្ថែមផងដែរ៕
Post a Comment